ដប់បូនកើត ខ្នើតចន្ទហៀប រៀបពេញវង់
ស្រស់ឆោមយង់ បងនាំពៅ ជិះទូកលេង
ក្រោមជំនោរ ខ្យល់បក់ធ្លាក់ ហាក់ងុយគេង
ស្នូរគ្រាំគ្រេង រលកទឹក រត់ប្រណាំង។

ទោះកត្តិក មិនរងា ខ្យល់ទន្លេ
រំភើយរេ ស្លឹកព្រឹក្សា ពីមាត់ច្រាំង
បបោសកាយ ក្រោមរស្មី ចន្ទចែងចាំង
ឃើញវាលប្រាំង នឹកស្រណោះ អនុស្សា។

រាត្រីនេះ តាមទន្លេ ពៅនិងបង
យើងសាសង ចងផ្តងផ្តោះ សព្ទវាចា
រលកយោល យោករុញទូក មិនធម្មតា
បងស្រវា ចាប់ហត្ថា ស្រស់នួនល្អង។

កុំបារម្ភ កុំភិតភ័យ ឆោមនិមល
ទ្រូងបងទល់ ទប់យ៉ាងស្និទ្ធ ជិតជាប់ផង
ពៅមិនធ្លាក់ ទឹកទេណា កែវមាសបង
សូមស្នេហ៍ស្នង ជឿរៀមចុះ ណាព្រលឹង។

យើងគិតទៅ ជិះទូកលេង តាមសមុទ្រ
កុំតក់ស្លុត ណាមាសស្ងួន យប់ស្អែកហ្នឹង
រលកបោក ផ្អោបផ្ទុបច្រាំង បងមិនធ្មឹង
បងស្ទុះវឹង ខិតខំប្រឹង ចូកចែវគាស់។

ចាប់បោះពួយ លាន់សន្ធឹក ឮគ្រូកៗ
ច្រវាទូក លូកលយលឿន មិនឱ្យទាស់
រុក្ខជាតិទឹក និងសារាយ ដុះលូតលាស់
ទូកមានឃ្នាស់ កុំសង្កា ណាពិសី។

ចន្ទបូណ៌មី តារារះ យ៉ាងព្រិចៗ
ឆ្លុះរំលេច ក្តាមមច្ឆា ពេលរាត្រី
សម្ផស្សសាយ សព្វសោភណ្ឌ មានរស្មី
ហាក់ចង់ស្តី សព្ទពរជ័យ ផ្តល់ជាខ្នើយ។

គេងមិនលក់ បក់មិនល្ហើយ នឹកស្រមៃ
សែនអាល័យ ខ្យល់ទន្លេ សមុទ្រត្រើយ
ថ្ងៃខានស្អែក បងមិនបែក ពីពៅឡើយ
រួមកៀកកើយ នៅនែបនិត្យ ជិតកល្យាណ។

ខ្នើតឆ្លងផុត ចូលមកដល់ ខែរនោច
យប់មួយរោច បងនាំអូន ទៅកំសាន្ត
ជិះទូកលេង នៅក្នុងបឹង ណាត្រើយត្រាណ
យើងពីរប្រាណ រួមសុខសាន្ត គូរជីវិត ។

ទឹកបឹងនឹង ពឹងទឹកអូរ ហូរចូលធ្លាក់
ស្រស់វរលក្ខណ៍ ទាក់ចិន្តា ប្រាកដពិត
បឹងសែនជ្រៅ ពៅពន្លក កែវវរមិត្រ
ដកព្រលិត ឈូករំចង់ ផង់ផូរក្រៃ។

ច្រវាគាស់ វាស់ប្រវែង ស្តែងកន្លង
អុំត្រសង ក្រងវាសនា សែនអាល័យ
រំភើយផាយ ផាត់កេសា រៀមចាប់ដៃ
កែវចរណៃ ស្នេហ៍ថ្លើមថ្លៃ រៀងរហូត។

គង់ សិលា ២៤ វិច្ឆិកា ២០១៥

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ប្រភពរូបភាព ៈ www.blindhope.com  purringtonphotography.wordpress.com

www.123rf.com  www.pinterest.com  www.100layercake.com

toat.com  romanticideasinlife.wordpress.com  tuscositascomplementos.blogspot.com